Project Description
លោកហោ សុខសានមិនដែលគិតថា ខ្លួនមានឳកាសបានស្គាល់មហាវិទ្យាល័យទ្បើយបន្ទាប់ពីលោកបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែក្រោយពេលបានទទួលអាហារូបករណ៍សម្តេចតេជោ យុវជនរូបនេះបានផ្លាស់ប្តូរការគិត ហើយជីវិតរបស់ខ្លួនក៏បានផ្លាស់ប្តូរ។មានទីកំណើតនៅភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំលោកហោ សុខសានបានឈានជើងចេញពីផ្ទះ មកកាន់រាជធានីជាលើកតំបូងនៅឆ្នាំ២០១០ ដើម្បីបន្តការសិក្សាជំនាញគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យតាមរយៈអាហារូបករណ៍របស់សម្តេច តេជោហ៊ុន សែនដែលបានផ្តល់ជូនលោកតាមរយៈលោកជួន ជីវ័ន្ត នាយរងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំសិក្សា២០១០ ២០១១លោកហោ សុខសានទទួលបានឳកាសសិក្សានៅមហាវិទ្យាល័យជាលើកតំបូង និងមានឳកាសក្រេបជញ្ជក់ចំណេះដឹងពីគ្រូប្រកបដោយទេពកោ សល្យ និងមានគរុកោសល្យនៃការបង្រៀន ដែលធ្វើឲ្យលោកទទួលបានចំណេះដឹង និងបទពិសោធន៍ជីវិតកាន់តែទូលំទូលាយជាងមុន។ ជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ ស្រីពីរនាក់ ប្រុស២នាក់ លោកហោសុខសាន្តបានលើកទ្បើងពីការផ្លាស់ប្តូរ នៃបរិស្ថានសិក្សារបស់លោកថា ពេលរៀននៅទីជនបទយើងមិនមានពេលរៀនច្រើន ព្រោះត្រូវជួយធ្វើការឪពុកម្តាយ នហើយសាលារៀន ជួបការខ្វះខាតទាំងសៀវភៅឯកសារ និងសម្ភារៈសិក្សាផ្សេងៗ តែពេលមករៀននៅរាជធានីភ្នំពេញ លោកមានកន្លែងរស់នៅស្រួល មានសម្ភារៈសិក្សាគ្រប់គ្រាន់ បានធ្វើឲ្យការសិក្សាលោកលូតលាស់បានល្អ ហើយថ្នាលបណ្តុះបណ្តាលនៅទីនេះ(វិទ្យាស្ថានវ៉ាន់ដា)ល្អ ព្រោះលោកមានពេលសិក្សាច្រើន មានបណ្ណាល័យស្រាវជ្រាវ មានឯកសារសិក្សាស្បូរបែប និងសម្ភារៈបរិក្ខាបំរើឲ្យការសិក្សាផ្សេងៗទៀត។ លោកសុខសានបន្តថា ពេលមកពីតំបន់ជនបទតំបូងៗ លោកមានការលំបាក ក្នុងការសម្របខ្លួនជាមួយនិស្សិតនៅទីក្រុង ក៏ដូចជាបរិស្ថានសិក្សា ប៉ុន្តែនៅពេលរស់នៅទីក្រុងយូរៗទៅ បានធ្វើឲ្យលោកបានស៊ុំានឹងជីវិតនៅទីក្រុង និងសម្របខ្លួនបាននឹងបរិស្ថានសិក្សា ដែលធ្វើឲ្យលោកហ៊ានសួរគ្រូពេលមានចម្ងល់អ្វីមួយ ហើយជាលទ្ឋផលចំណេះដឹងរបស់លោក កាន់តែមានភាពប្រសើរទ្បើង និងអាចឈរជើងបាន និងហ៊ានប្រកួតប្រជែងជាមួយនិស្សិតដទៃទៀត ដោយស្មើមុខស្មើមាត់។ លោកបន្តថា “ពីតំបូងខ្ញុំអត់មានគោលដៅមករៀននោះទេ តែដោយសារបានទទួលអាហារូបករណ៍របស់សម្តេច ខ្ញុំក៏បានដាក់ពាក្យមករៀន ដែលពេលនោះខ្ញុំមានគោលបំណងចង់វិវត្តន៍ខ្លួនឯងឲ្យក្លាយជាម នុស្សម្នាក់ ដែលមានតំលៃនិងមានការទទួលស្គាល់ពីសង្គម”។លោកបន្តថា “ខ្ញុំកំពុងពង្រឹងខ្លួនឯងបន្ថែមទៀត ព្រោះយើងមិនអាចជោគជ័យខ្លាំងបានភ្លាមទេ គឺខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលពង្រឹងខ្លួនឯង ដើម្បីឈោងទៅកាន់គោលដៅផ្សេងទៀត”។ តាមរយៈការពង្រឹងចំណេះដឹង ចេញពីការខិតខំការសិក្សារៀនសូត្រ លោកហោ សុខសាននៅតែយល់ថា ក្នុងនាមជាអ្នកក្រីក្រម្នាក់ លោកមិនហ៊ានធ្វើអ្វីធំដុំដូចគេនោះទេ គឺយើងអាចធ្វើអ្វីជាលក្ខណៈសាមញ្ញ។ មិនលេចធ្លោនោះទេ តែចំណេះដឹង និងលទ្ឋផលនៃការសិក្សានៅក្នុងថ្នាក់ គឺមានភាពត្រដំត្រសងជាមួយគេជាមួយឯង។ការទទួលបានអាហារូបករណ៍របស់សម្តេចតេជោ ក៏បានធ្វើឲ្យយុវជនរូបនេះកាន់តែខិតខំពង្រឹងខ្លួនឯងផងដែរ ដោយលោកហោ សុខសានបានតាំងចិត្តថា តាមធម្មតាយើងជាអ្នកក្រីក្រ និងចង់បានអនាគតល្អសម្រាប់ខ្លួន យើងត្រូវតែខំប្រឹងដើម្បីមានការងារល្អ មានប្រាក់ចំណូលសមរម្យ ទើបគេ(អ្នកផ្តល់អាហារូបករណ៍ឲ្យ)សប្បាយចិត្តជាមួយយើង ព្រោះបើគេខំជួយយើង តែយើងធ្វើមិនបានល្អ និងមិនអាចជួយខ្លួនឯងបាន នឹងធ្វើឲ្យគេខកចិត្ត។ លោកហា សុខសានបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ លើជំនាញគណនេយ្យដោយជោគជ័យ និងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិតនៅវិទ្យាស្ថានដដែលនេះ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់លើការសិក្សា និងជានិស្សិតដែលមានភាពលេចធ្លោម្នាក់ លោកសុខសានបានបញ្ចប់ការងារជាអ្នកស្ម័គ្រចិត្តផ្នែកគណនេយ្យ កុំព្យូទ័រហើយ និងយកអាជីពជាគ្រូបង្រៀនផ្នែកគណនេយ្យកុំព្យូទ័រ និងបង្រៀនជំនាញគណនេយ្យទ្រឹស្តី នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យជំនួសវិញ។ការងារថ្មីនេះ បានធ្វើឲ្យលោកទទួលបានប្រាក់ចំណូល កាន់តែប្រសើរទ្បើងសម្រាប់ផ្គត់ផ្គង់ជីវភាព និងការសិក្សារបស់ខ្លួន។ ទោះជារស់នៅទីក្រុងរយៈពេលប៉ុន្មានឆ្នាំមកហើយក្តី ក៏សុខសានមិនទាន់ គិតថាខ្លួនឯងជាអ្នកទីក្រុងនៅទ្បើយ ដោយលោកនិយាយទាំងសើចថា “ខ្ញុំគិតថាខ្លួនឯងជាអ្នកស្រែនៅទ្បើយ”។ ក្នុងនាមជាយុវជនមកពីតំបន់ជនបទ តែយុវជនពូកែដាក់ខ្លួនម្នាក់នេះ ហាក់មានឆន្ទៈយ៉ាងមុតមាំក្នុងការឆ្ពោះទៅមុខបន្តទៀត ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនក្នុងការធ្វើជាមនុស្សម្នាក់ ដែលមានការទទួលស្គាល់ពីសង្គម តាមក្តីស្រម័យរបស់ខ្លួន។