១-ប្រវត្តិសង្ខេបរបស់វិទ្យាស្ថាន

ឆ្នាំ១៩៩៧មជ្ឈមណ្ឌល វ៉ាន់ដាគណនេយ្យ(VANDA ​ACCOU​N​TING CENTER) បាន​បង្កើត​​ឡើងក្រោមរូបភាពជា​ផ្ទះ៣​ល្វែង​​ស្ថិត​តាមបណ្តោយមហាវិថីម៉ៅសេទុង​ សង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ដែលបណ្តុះបណ្តាលជាវគ្គសិក្សា​ខ្លីៗ​ទៅ​លើមុខវិជ្ជាគណនេយ្យ និងគណនេយ្យ កុំព្យូទ័រ និងបង្រៀន​ដោយ​ផ្ទាល់ដោយលោកសាស្រ្តាចារ្យ ហេង វ៉ាន់ដា
ដោយសារតែកំណើននៃការចុះឈ្មោះចូលរៀនវគ្គខ្លីចេះកាន់​តែកើនឡើងពីមួយវគ្គទៅមួយវគ្គ ហើយ​សិស្សមួយចំនួនធំសំណូម​ពរ​ចង់​រៀនគណនេយ្យបន្តដល់កម្រិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រ​ជា​ដើម។​ ដូច្នេះទើបលោកសាស្រ្តាចារ្យ ហេង វ៉ាន់ដាសម្រេចចិត្ត​ស្នើរសុំទៅ​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបើក​បណ្តុះ​បណ្តាល​​កម្រិតឧត្តម។
ឆ្នាំ២០០១ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យបើក​ដំណើរ​ការមហាវិទ្យាល័យវ៉ាន់ដាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាល​ជំនាញ​ គណនេយ្យកម្រិត​ឧត្ដមសិក្សា និងនៅរក្សាមជ្ឈមណ្ឌលវ៉ាន់ដាគណនេយ្យ ឲ្យ​​​នៅក្រោមការគ្រប់គ្រង​របស់​មហាវិទ្យាល័យ វ៉ាន់ដាគណនេយ្យ​ដដែល។
ដោយហេតុតែឈ្មោះជាមហាវិទ្យាល័យមានលក្ខណៈចង្អៀត​ពេក​ដូច្នេះ លោក ​ហេង វ៉ាន់ដា បាន សម្រេចប្រែក្លាយពីមហាវិទ្យាល័យ វ៉ាន់ដាគណនេយ្យ ទៅជាវិទ្យា​ស្ថាន វ៉ាន់ដាយោងអនុក្រឹត្យលេខ ៧៨ អនក្រ ចុះថ្ងៃទី ០៩ ខែ សីហា​ ឆ្នាំ២០០១។
នាឆ្នាំ២០០១នេះផងដែរ​ ​វិទ្យាស្ថាន វ៉ាន់ដា បានបណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្រឋិតក្នុងទីតាំងផ្ទះ៣​ល្វែងជា​​​បណ្តោះ​​​អាសន្ន ​និង​មាន​និស្សិត​ត្រឹម​១០០នាក់។ សំណង់អាគារទី១​បានបញ្ចប់​នា​​ឆ្នាំ២០០២ ហើយ បានបញ្ជូនសិស្សពី​ផ្ទះ៣​ល្វែង​មកសិក្សាក្នុង​បន្ទប់​រៀនត្រឹមត្រូវ​តាម​ស្តង់ដាដោយមានចែកជាបន្ទប់​សិក្សា​ទ្រឹស្តី បន្ទប់​អនុវត្តកុំព្យូទ័របន្ទប់​ស្តាប់ភាសា និងបន្ទប់គណនេយ្យអនុវត្ត។
បច្ចុប្បន្នវិទ្យាស្ថាន មានសាខាចំនួន៣ សាខាទី១មានទីតាំងនៅក្រុងភ្នំពេញ សាខាទី២មានទីតាំងនៅក្រុងសៀមរាប សាខាទី១មានទីតាំងក្រុងបាត់ដំបង។