Project Description

គំនិតបង្កើតពន្ធលើការជួញដូរផលិតផលហិរញ្ញវត្ថុបានចាប់កំណើតឡើងកាលពីឆ្នាំ១៩៧២ពី​សេដ្ឋវិទូអាមេរិកម្នាក់គឺលោកជេមស៍តូប៊ីន(JamesTobin)សាស្រ្តាចារ្យសេដ្ឋកិច្ចនៅ​សកលវិទ្យាល័យYaleនិងសកលវិទ្យាល័យHarvard(សហរដ្ឋអាមេរិ)និងជាជ័យលាភីពានរង្វាន់ណូបែលសេដ្ឋកិច្ចនៅឆ្នាំ១៩៨១ហេតុដូច្នេះហើយទើបគេនាំ គ្នាប្រសិទ្ធិនាមថា“ពន្ធតូប៊ីន”។

-តាមគំនិតពីដំបូងលោកតូប៊ីនចង់ឲ្យបង្កើតពន្ធនេះទៅលើតែទីផ្សាររូបិយវត្ថុតែប៉ុណ្ណោះ។គោលដៅចម្បងគឺដើម្បីកម្រិតសកម្មភាពជួញដូរបែបSpeculativeដែលជាដើមចមបង្ក​ឲ្យ​មានអស្ថិរភាពនៅក្នុងទីផ្សារប្តូរប្រាក់អន្តរជាតិ។ចំណែកលុយដែលបានពីការប្រមូលពន្ធនេះគេអាចយកទៅប្រើប្រាស់ជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ។ក្រោយមកគំនិត​របស់​លោក​តូប៊ីនត្រូវបានគេយកទៅពង្រីកបន្តទៅលើការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដូចជាភាគហ៊ុន(Share)មូលបត្របំណុល(Debt)និងផលិតផលដេរីវេទីវ(Derivatives)ជាដើម។

-ការយកពន្ធលើផលិតផលហិរញ្ញវត្ថុមានន័យថានៅពេលដែល​មាន​ការទិញលក់​ផលិតផល​ហិរញ្ញវត្ថុ(រូបិយវត្ថុបរទេសភាគហ៊ុនមូលបត្របំណុលនិងផលិតផលដេរីវាទីវជាដើម)។គេត្រូវ​បង់ពន្ធតាមអត្រាមួយកំណត់(០,១%០,៥% ឬ១%នៃតម្លៃផលិតផល)ដូចក្នុងករណី​ទិញលក់​ផលិតផលនៅលើទីផ្សារធម្មតាដែរ។

-ជាទូទៅគេសង្កេតឃើញថាការទិញដូរស្ទើតែគ្រប់មុខទំនិញតែងតែមានពន្ធ។សូម្បីតែ​ការទិញចំណីអាហារនិងរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបង់ពន្ធដែរគឺពន្ធលើតម្លៃបន្ថែម (ValueAddedTa)ចំណែកការទិញដូរផលិតផលហិរញ្ញវត្ថុវិញមិនត្រូវបានគេយកពន្ធនោះទេដែលជាហេតុ​ធ្វើឲ្យ​មានការរិះគន់ថាជារឿងមិនយុត្តិធម៌។អ្នកក្រីក្រតូចតាចគ្រាន់តែទិញម្ហូបអាហារ​ក៏ត្រូវ​បង់ពន្ធចំណែកឯអ្នកជួញដូរផលិតផលហិរញ្ញវត្ថុដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារបែរជាមិនបង់ពន្ធទៅវិញ។

-វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងវិបត្តិប្រាក់បំណុលអឺរ៉ុបនៅពេលបច្ចុប្បន្ននេះបានធ្វើឲ្យចលនា​គាំទ្រ​ពន្ធលើផលិតផលហិរញ្ញវត្ថុកើតមានកាន់តែខ្លាំងឡើងថែមទៀត។អ្នកដែលគាំទ្រដូចជានៅបារាំងជាដើមយល់ថាពន្ធនេះមិនត្រឹមតែអាចជួយរក្សាស្ថិរភាពហិរញ្ញវត្ថុនោះទេប៉ុន្តែលុយដែលបានពីការប្រមូលពន្ធនេះអាចនឹងជួយកាត់បន្ថ យឧនភាពថវិការបស់រដ្ឋ​ទៀតផង។

-គណៈកម្មការអឺរ៉ុបបានស្នើឲ្យបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ នៅក្នុងក្របខ័ណ្ឌសហភាព​អឺរ៉ុប​ទាំងមូល។សំណើនេះបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសអាល្លឺម៉ង់បារាំងនិង​អ៊ីតាលី។ក៏ប៉ុន្តែអង់គ្លេសដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យហិរញ្ញវត្ថុបានជំទាស់​យ៉ាង​ដាច់អហង្ការ។

-គេបារម្ភថាប្រសិនបើពន្ធលើផលិតផលហិរញ្ញវត្ថុមិនត្រូវបង្កើតនៅគ្រប់ប្រទេសទេនោះអ្នក​ជួញដូរ​ផលិតផលហិរញ្ញវត្ថុនឹងរត់ចេញពីប្រទេស មានពន្ធ ទៅរកស៊ីនៅក្នុង​ប្រទេស​ដែល​អត់​ពន្ធ។ក្នុងករណីនេះប្រទេសដែលបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុនឹងត្រូវ​ទទួលរង​នូវ​ការ​ខូចខាត​ខ្លាំង។ប្រាក់ចំណូលមកពីការប្រមូលពន្ធក៏បានតិច។ មូលធនក៏ត្រូវហូរចេញទៅកាន់​ប្រទេស​ផ្សេង។ការបិទទ្វារឈប់រកស៊ីរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុក៏អាចបណ្តាលឲ្យប្រជាជន​បាត់បង់ការងារធ្វើ។ ស្ថិរភាពហិរញ្ញវត្ថុក៏មិនប្រាកដថាអាចធានាបានព្រោះបើ​វិបត្តិ​ហិរញ្ញវត្ថុកើតឡើងនៅប្រទេសផ្សេងវានៅតែអាចរាលដាលមកដល់វិញជាដដែល។

-បទពិសោធន៍ជូរចត់នេះប្រទេសស៊ុយអែតធ្លាប់បានឆ្លងកាត់រួចមកហើយ។កាលពីឆ្នាំ១៩៨៤ស៊ុយអែតបានសម្រេចបង្កើតពន្ធលើការជួញដូរភាគហ៊ុនដោយកំណត់អត្រា០,៥%។ក៏ប៉ុន្តែគ្រាន់តែប៉ុន្មានសប្តាហ៍ក្រោយការបង្កើតពន្ធនេះសកម្មភាពជួញដូរមូលបត្រនៅស៊ុយអែត​បាន​ធ្លាក់ចុះរហូតដល់ទៅ៨៥%។លុយដែលបានពីការប្រមូលពន្ធនេះដែលពីដំបូង​គេ​ប៉ាន់ប្រមាណ​ថានឹងអាចបាន១៥០០លានក្នុងមួយឆ្នាំទីបំផុតបានត្រឹមតែ៥០លាន​ប៉ុណ្ណោះ។រដ្ឋាភិបាលស៊ុយអែតក៏បានសម្រេចលុបពន្ធនេះចោលវិញនៅឆ្នាំ១៩៩១។ នៅពេលនេះប្រទេសធំៗមួយចំនួនដូចជាអាមេរិកអង់គ្លេសកាណាដាចិននិងឥណ្ឌាជាដើមសុទ្ធតែប្រឆាំងនឹងការបង្កើតពន្ធលើផលិតផលហិរញ្ញវត្ថុ៕